
ស្ពៃក្រញាញ់ ឬស្ពៃរួញ ជាដំណាំបន្លែមួយប្រភេទក្នុងចំណោមបន្លែស្លឹកជាច្រើន ដែលកសិករកម្ពុជា និយមដាំ។ ពីមួយថ្ងៃទៅមួយថ្ងៃ កសិករនៅតាមជនបទតែងតែនាំគ្នាស្វែងរកគំនិតច្នៃប្រឌិតថ្មី ប្លែកៗ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែង កសិករ ស៊ឹម រ៉ុម បានកែប្រែពីការដាំបន្លែស្ពៃក្រញាញ់លើដីផ្ទាល់ មកដាំនៅក្នុងការុងវិញម្ដង។
លោក ស៊ឹម រ៉ុម បានឲ្យដឹងបន្តថា ចាប់ពីថ្ងៃដាំរហូតដល់ពេលប្រមូលផលស្ពៃក្រញាញ់មានអាយុ ៣០ថ្ងៃ។ លោកថា នៅពេលកូនស្ពៃចាប់ផ្ដើមដុះវែងហើយនោះ យើងអាចស្រោចទឹកមួយថ្ងៃពីរដង ព្រឹកស្រោចចន្លោះម៉ោង ១០ព្រឹក និងល្ងាចម៉ោង ៣រសៀល។ លោកបន្តទៀតថា បើចង់ឲ្យស្ពៃលូតលាស់លឿនបានទិន្នផលខ្ពស់ លោកបានបន្ថែមទឹកនោមគោ ទឹកនោមមនុស្សលាយជាមួយទឹក ស្រោចក្បែរគល់ស្ពៃជាការស្រេច៖ «ការថែមថយធ្វើឲ្យល្អលឿន មានតែទឹកនោមគោ ទឹកនោមមនុស្សលាយជាមួយទឹកយកទៅស្រោចក្បែរគល់ ដោយប្រើកំសៀវវាកាន់តែធ្វើឲ្យស្ពៃល្អ»។ #lko888
ជាងនេះទៀត កសិករ ស៊ឹម រ៉ុម បានឲ្យដឹងទៀតថា ស្ពៃក្រញាញ់ដាំដាក់ការុងមានបញ្ហាសត្វដង្កូវ និងស្មៅខ្លះ ប៉ុន្តែលោកថា បញ្ហាស្មៅ និងដង្កូវ មិនមែនជាបញ្ហាធំសម្រាប់លោកនោះទេ ព្រោះលោកមានវិធីចាប់ដង្កូវដ៏មានប្រសិទ្ធភាព ដែលអាចឲ្យស្ពៃក្រញាញ់របស់លោកកាន់តែទទួលផលខ្ពស់៖ «ធម្មជាតិវាអាចកើតដង្កូវដោយឯងៗ ចឹងបើព្រលឹមឡើងយើងឃើញអាចម៍ដង្កូវជាប់ស្លឹកស្ពៃហ្នឹង យើងមានវិធីទៀត ម៉ោង ៧យប់បាត់សូរសំឡេង យើងយកពិលមកបញ្ចាំងមើលទៅនឹងឃើញដង្កូវ តែបើអត់ឃើញម៉ោងហ្នឹង មកមើលម្តងទៀតនៅម៉ោង ៤ទៀបភ្លឺ នឹងឃើញដង្កូវហើយ»។
ឯកសារស្រាវជ្រាវរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីអត្ថប្រយោជន៍ស្ពៃក្រញាញ់ បង្ហាញថា ស្ពៃក្រញាញ់ជាបន្លែដែលសម្បូរទៅដោយជីវជាតិច្រើនមុខ ក្នុងនោះរួមមាន ជាតិប្រូតេអ៊ីន វីតាមីនអា (A) វីតាមីនបេ (B) និងវីតាមីនសេ (C)។ លើសពីនេះ ស្ពៃក្រញាញ់ក៏សម្បូរជាតិរ៉ែ មានជាតិកាល់ស្យូម ជាតិដែក ផូស្វ័រ និងជាតិប៉ូតាស្យូម។ ដោយសារស្ពៃក្រញាញ់មានអត្ថប្រយោជន៍ច្រើននេះហើយ បានក្លាយជាទិសដៅសំខាន់របស់ក្រុមគ្រួសារ លោក ស៊ឹម រ៉ុម ដើម្បីលើកស្ទួយកម្រិតជីវភាពប្រចាំថ្ងៃ ព្រោះស្ពៃក្រញាញ់ដែលលោកដាំដាក់ការុងតាមបែបធម្មជាតិនេះជាង ៣០០ការុង លក់ទៅឲ្យទីផ្សារសេដាក (CEDAC) និងអង្គការស៊ីត បានតម្លៃក្នុង ១គីឡូក្រាម ៥.០០០រៀល។
លោក ស៊ឹម រ៉ុម អះអាងថា បច្ចុប្បន្ននៅលើទីផ្សារកម្ពុជា ស្ពៃក្រញាញ់កំពុងនាំចូលខ្លាំងពីបណ្ដាប្រទេសជិតខាង។ កសិកររូបនេះយល់ថា ទោះជាពលរដ្ឋមួយចំនួននិយមប្រើថ្នាំគីមី ព្រមទាំងប្រើរបៀប ឬវិធីដាំផ្សេងៗ ដើម្បីដាំស្ពៃក្រញាញ់ឲ្យធំលូតលាស់លឿនក៏ដោយ ប៉ុន្តែ លោក ស៊ឹម រ៉ុម បានណែនាំឲ្យកសិករដែលចាប់អារម្មណ៍ការដាំបែបធម្មជាតិ ហើយទទួលបានទិន្នផលខ្ពស់បានល្អ គួរជ្រើសរើសដាំស្ពៃក្រញាញ់ដាក់ការុង ព្រោះវិធីនេះអាចដាំស្ពៃបានរហូតដល់ ៣ដង ហើយក្នុងមួយការុងៗ អាចទទួលបានផលស្ពៃរហូត ១គីឡូក្រាម៕ #khmer game
