
ទឹកគ្រឿងអន្លក់ខ្ចី ឬបុកទឹកគ្រឿង គឺជាម្ហូបខ្មែរដែលខ្ញុំចូលចិត្តទទួលទាន ដោយមិនចេះធុំ ឬលែងចង់…។ តាមធម្មតា យ៉ាងហោចណាស់ ក្នុងរយៈពេល មួយអាទិត្យ ឬដប់ថ្ងៃ ខ្ញុំនឹងទទួលទានម្ហូបនេះ អោយបានម្តងដែរ។
នៅរាល់ពេលដែលខ្ញុំនិយាយអួតពីមុខម្ហូបខ្មែរដ៏ពេញនិយម មួយមុខនេះម្តងៗ មិត្តភក្តិខ្ញុំតែង “ផា” អោយខ្ញុំរហូត៖ …បុកទឹកគ្រឿងណឹងឆ្ងាញ់មែនហើយ តែបើដាក់ជិតមាន់ដុត ឬបង្កងអាំង ច្បាស់ជាទឹកគ្រឿងខ្មែរ នៅសល់ក្រោយគេ ហើយ…។ ហើយខ្ញុំបានត្រឹមតែឆ្លើយត្រឡប់ទៅវិញថា៖ …ខ្ញុំទទួលស្គាល់ថា មាន់ដុត ឬបង្កងអាំងពិតជាឆ្ងាញ់មែនហើយ តែបើជាអាហារដើម្បីសុខភាពវិញ គឺស៊ីមិនដាច់ ទឹកគ្រឿងអន្លក់ខ្ចី របស់ខ្មែរយើងនេះទេ… សំខាន់ អោយតែបន្លែជាអន្លក់នោះ មិនមានសារធាតុគីមីពុលទៅ គឺប្រាកដជាទទួលទានទៅ មានសុខភាពល្អ ១០០% ហើយ…។
ជាក់ស្តែង បើពិនិត្យមើលបន្លែអន្លក់ ដែលនឹងផ្ទាប់ជាមួយបុកទឹកគ្រឿង ដូចនៅក្នុង រូបខាងលើនេះ មានដូចជា ត្រួយស្តៅ, ផ្កាកំប្លោក, ក្តិបពពាយ, ក្តិបត្រសក់, ផ្ទីស្រុះ, ក្តិបផ្លែននោងជ្រុងស្រុះ, ត្រប់ស្រួយ… គឺសុទ្ធសឹងតែជាអាហារបន្លែ ដើម្បីសុខភាព និងមានរស់ជាតិឆ្ងាញ់ពិសារពិតមែន…៕
